កិច្ចប្រជុំស្ដីអំពីការពង្រឹងគុណភាពបច្ចេកទេសដំណាំល្មើប្រចាំឆ្នាំ២០១៨

រាជធានីភ្នំពេញ៖

កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនអ៊ឹង សុទ្ធី គ្រុប និងក្រុមហ៊ុន១០០០ប្រឹក្សា KANCHANABURI នៃប្រទេសថៃ បានសហការណ៍រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីអំពី “ការពង្រឹងគុណភាពបច្ចេកទេសដំណាំល្មើ” ដែលកិច្ចប្រជុំនៅឆ្នាំ២០១៨នេះ គឺជាកិច្ចប្រជុំដ៏ធំមួយ ក្នុងការបង្ហាញពីគោលការណ៍បច្ចេកទេសថែទាំដំណាំល្មើ តាំងពីដាំដុះដំបូង រហូតដល់រយៈកាលនៃការទទួលផលរបស់ល្មើនៅចន្លោះ3-5ឆ្នាំខាងមុខនេះ។

ការប្រព្រឹត្តទៅនៃកិច្ចប្រជុំនេះមានរយៈពេលជាង៤ម៉ោង ក្រោមការអធិបតីភាពរបស់ អគ្គនាយកក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប និងអគ្គនាយកក្រុមហ៊ុន១០០០ប្រឹក្សា KANCHANABURI នៃប្រទេសថៃ ព្រមទាំងលោកជំទាវ។ ជាពិសេសក៏មានវត្តមាន ពុកម៉ែ ពូមីង បងប្អូន ដែលជាម្ចាស់ចំការល្មើ ដែលពួកគាត់កំពុង និងបានដាំដំណាំល្មើពីក្រុមហ៊ុនអ៊ឹង សុទ្ធី គ្រុប ផងដែរ។

អ្នកជំនាញប្រចាំក្រុមហ៊ុនអ៊ឹង សុទ្ធី គ្រុប បានលើកឡើងថា៖ “ បន្ទាប់ពីបានចុះត្រួតពិនិត្យចំការរបស់បងប្អូន កាលពីចុងឆ្នាំ២០១៧ មក ក្រុមហ៊ុនអ៊ឹង សុទ្ធីគ្រុប បានសង្កេតឃើញថា ចំការល្មើរបស់អតិថិជនភាគច្រើនគឺមានការរៀបចំទៅតាមគោលការណ៍បច្ចេកទេស ដែលក្រុមហ៊ុនបានផ្តល់ជូន រីឯចំការមួយចំនួនទៀតក៏មានការរៀបចំ និងថែទាំបច្ចេកទេសនៅមានកម្រិត។ តែទោះជាយ៉ាងណា ក៏ក្រុមហ៊ុនអ៊ឹង សុទ្ធី ខិតខំបណ្តុះបណ្តាល និងស្វែងរកព័ត៌មានបច្ចេកទេសថ្មីពីក្រុមហ៊ុន១០០០ប្រឹក្សា Kanchanburi នៃប្រទេសថៃមកបន្ថែមទៀត ដើម្បីផ្តល់ជូននូវបច្ចេកទេសឱ្យកាន់តែមានការរីកចម្រើនផ្សារភ្ជាប់នឹងគោលការណ៍បច្ចេកទេស ដែលភាគីថៃបានផ្តល់ជូន។

លើសពីនេះទៅទៀត អគ្គនាយក នៃក្រុមហ៊ុន១០០០ប្រឹក្សា KANCHANABURI នៃប្រទេសថៃ ក៏បានបន្ថែមផងដែរថា៖ គម្រោងនៃឆ្នាំបន្តបន្ទាប់ទៀត ជាពិសេសនៅពេលដល់ឆ្នាំ ដែលល្មើនឹងទទួលផល លោកនៅតែបន្តសហការណ៍ជាមួយក្រុមហ៊ុនអ៊ឹង សុទ្ធីគ្រុប ក្នុងការបង្កើតរោងចក្រកែច្នៃ និងផលិត ផលិតផលល្មើ ដែលចម្រាញ់ពីផ្លែល្មើសុទ្ធ១០០% និងទទួលបានស្តង់ដារកម្រិតជាតិ និងអន្តរជាតិ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអាស៊ានផងដែរ”។

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុនអ៊ឹង សុទ្ធី គ្រុប គឺជាក្រុមហ៊ុននីហរ័ណ អាហរ័ណ កូនឈើ និងផ្លែឈើ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយជាក្រុមហ៊ុនល្មើតែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយកូនល្មើ- ផលិតផលល្មើទូទាំងព្រះរាជាណាចក្រកម្ពុជា និងដោយផ្ទាល់ពីក្រុមហ៊ុនល្មើដ៏ល្បីឈ្មោះនៅប្រទេសថៃ គឺក្រុមហ៊ុន ១០០០ប្រឹក្សា Kanchanburi ហៅកាត់ថា (WDP)។

មុនពេលដែលអង្គប្រជុំត្រូវបានបញ្ចប់ ក្រុមហ៊ុនអ៊ឹង សុទ្ធី បានរៀបចំកម្មវីធី ចែកប័ណ្ណសរសើរជូនដល់ម្ចាស់ចំការគម្រូ តំណាងទាំង៣រូប និងបានថតរូបជុំគ្នា សម្រាប់ទុកជាកម្រងរូបភាពអនុស្សាវរីយ៍ ក្រោមអធិបតីភាពរបស់របស់ អគ្គនាយកក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប និងអគ្គនាយកក្រុមហ៊ុន១០០០ប្រឹក្សា Kanchanburi នៃប្រទេសថៃ ព្រមទាំងលោកជំទាវផងដែរ។

សូមអរគុណ!

Powered by themekiller.com