អ៊ីស្រាអែលនិងថៃសម្លឹងឃើញ ការវិនិយោគលើដំណាំល្មើនៅ កម្ពុជាសម្រាប់ទីផ្សារនាំចេញ

  អ៊ីស្រាអែល និងថៃកំពុងតែសម្លឹងឃើញទីផ្សារកម្ពុជា ក្នុងការដាំដំណាំល្មើសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុង តំបន់អាស៊ាននិងទីផ្សារលើពិភពលោកផងដែរ ។ ចំពោះ ទីផ្សារនេះ កម្ពុជា អ៊ីស្រាអែល និងថៃ បានចុះកិច្ចព្រមព្រៀងក្នុង ការដាំនៅក្នុងទឹកដីកម្ពុជា ក្រោមការផ្គត់ផ្គង់ពូជ និងបច្ចេកទេសដល់កសិករដែលមានបំណងដាំដំណាំល្មើ ដោយក្រុមហ៊ុន អ៊ឹង សុទ្ធីគ្រុប ខូអិលធីឌី ។

    លោក អ៊ឹង សុទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ឹង សុទ្ធីគ្រុប បានឲ្យដឹងបន្ទាប់ពីចុះកិច្ចព្រម ព្រៀងជាមួយវិនិយោគិនអ៊ីស្រាអែល និងថៃ នាព្រឹកថ្ងៃទី០៤ ឧសភា ក្នុងពីធីអបអរសាទរនៃ ការវិនិយោគផ្តាច់មុខលើដំណាំល្មើ និងផលិតផលគ្រប់ប្រភេទលើ ទីផ្សារនៅកម្ពុជាថា ៖ ដំណាំល្មើមានសក្តានុពលខ្លាំង គឺមានអាយុកាលវែង និងចំណាយទុនតិចក្នុងការដាំដុះ ។ ប្រសិនបើ កសិករកម្ពុជាមានបំណងដាំដុះដំណាំល្មើនេះគឺអាចមកចុះឈ្មោះនៅក្រុមហ៊ុនបាន ពេលនោះក្រុមហ៊ុនអាចជួយចេញដើម ទុន និងមានអ្នកជំនាញមកពីប្រទេសអ៊ីស្រាអែល និងថៃជួយប្រាប់ពីរបៀបដាំដុះផងដែរ ។ នៅពេលប្រមូលផល ក្រុមហ៊ុន នឹងទិញពីកសិករនូវទិន្នផលទាំងនោះទៀតផង ។

     លោកអគ្គនាយកក្រុមហ៊ុនបន្តថា ៖ អត្ថប្រយោជន៍របស់ដំណាំល្មើ គឺអ្នកដែលកើតទឹកនោមផ្អែម និងលើសសម្ភាធឈាម ក៏អាចហូបបានដែរ ។ នៅកម្ពុជាមានដំណាំល្មើរួចហើយ ប៉ុន្តែពួកគេដាំពូជផ្សេងៗគ្នា ដោយអ្នកខ្លះដាំទៅតាមធនធាន និង លក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ ក្រុមហ៊ុនខ្ញុំបាននាំយកនូវពូជល្មើដែលដាំក្នុងរយៈពេល ៣ឆ្នាំ នឹងទទួលបានផល ក្នុងក្រុម ហ៊ុនធានាលើការដាំដុះ និងពូជ និយាយរួមគឺធានាគ្រប់បែបយ៉ាងសម្រាប់អតិថិជនដែលចង់វិនិយោគលើ ដំណាំល្មើនេះ ។ សម្រាប់ការវិនិយោគលើដំណាំនេះ យើងខ្ញុំ គ្រោងនឹងចំណាយទឹកប្រាក់ ៥០ ម៉ឺនដុល្លារអាមេរិក ។ ចំពោះ កសិករដែលមានដីកន្លះ ហិកតា ក៏អាចដាំបានដែរ ដោយ១ហិកតាត្រូវការចំណាយប្រាក់៣ពាន់ដុល្លារ ។

    លោកបន្ថែមថា ៖ ក្រុមហ៊ុនលោកបាននាំយកពូជល្មើចំនួន៣ប្រភេទសម្រាប់អតិថិជន ឬកសិករដែលមានបំណងចង់ដាំ ហើយពូជល្មើទាំង៣ប្រភេទនេះមានរយៈពេល ៧០ឆ្នាំ ទើបងាប់ដើម ។ នៅក្នុងរយៈពេល ៣ឆ្នាំ ល្មើបានទទួលផលក្នុង ១ដើម យ៉ាងតិចក៏ ១០ គីឡូ ក្រាមដែរ ហើយក្នុងរយៈពេល៤ឆ្នាំ វាអាចទទួលបានផលពី ១៥ ទៅ ២០គីឡូក្រាម និង បន្ត បន្ទាប់ទៀតទទួលបានផលពី៤០ ទៅ ៥០គីឡូក្រាម ។ ចំណែកតម្លៃវិញ ក្រុមហ៊ុននឹងទិញក្នុង រយៈពេល១០ឆ្នាំពីកសិករ ដោយក្នុង ១គីឡូក្រាមតម្លៃ ៣ដុល្លារ ទាំងស្ងួត និងសើម ។

      លោកអគ្គនាយកក្រុមហ៊ុនបានអះអាងថា ៖ ការដាំល្មើនឹងមានអត្ថប្រយោជន៍ដល់កសិករ ក៏ដូចជាប្រទេសកម្ពុជា ដូចជា ចំណាយទុនតិច ទទួលផលបានច្រើន ហើយក្រុមហ៊ុនធានាថា នឹងទិញផលទទួលបានមកវិញដោយចុះកិច្ចសន្យាជាមួយ កសិករ ។ ដំណាំល្មើមានភាពងាយស្រួលដាំជាងដំណាំម្រេច និងកៅស៊ូដែលប្រើកម្លាំងច្រើន ពីព្រោះថាល្មើប្រើកម្លាំងតែ ម្នាក់ក៏បាន ដាំក្នុងទំហំដី១ហិកតាក៏បាន ។

      លោកបញ្ជាក់ថា ៖ ចំពោះមូលហេតុដែលនាំក្រុមហ៊ុនលោកនាំពូជល្មើមកដាំក្នុងប្រទេសកម្ពុជានេះ ពីព្រោះមានតម្រូវការ ច្រើននៅលើទីផ្សារទាំងក្នុងប្រទេសកម្ពុជា និងលើពិភពលោក ជាពិសេសក្នុងរដូវការបុណ្យអ៊ីស្លាម ប្រជាជនអ៊ីស្លាមត្រូវការ ញាុំល្មើក្នុងរយៈពេល ១ខែពេញ ។

Powered by themekiller.com